មនុស្សមួយចំនួនតែងតែចំណាយទៅលើសំភារះប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្លួន អស់ជាច្រើនស្ទើរៀងរាល់ថ្ងៃ ហើយផលិតផលទាំងនោះគេអាចកំណត់គុណភាពបានដោយសារតែ ម៉ាកយីហោ និងបទពិសោធន៍ប្រើប្រាស់ពីពេលមុនៗមក ។ ទន្ទឹមនិងនោះដែរ ក៏មានផលិតផលដែលគ្មានគុណភាពជាច្រើនរាប់លានម៉ាកកំពុងតែចរាចរលក់នៅលើទីផ្សារទូទាំងពិភពលោក ហើយមូលហេតុនេះហើយដែលធ្វើអោយក្រុមហ៊ុនមួយចំនួនដែលនាំចូល និងលក់នៅផលិតផលទាំងនោះភាគច្រើនបាត់បង់អតិថិជន និងក្ស័យធនយ៉ាងឆាប់រហ័ស។ ទាក់ទងនិងគុណភាពនៃផលិតផលនោះលោក Herbert Hainer គឺជា CEO របស់ក្រុមហ៊ុនផលិតសំភារះ និងសំលៀកបំពាក់ម៉ាកកីឡា Adidas លោកបានលើកឡើងថា “ផលិតផលដែលល្អបំផុតត្រូវតែមានគុណភាពខ្ពស់ស្មើ ឬលើសពីតម្លៃដែលភ្ញៀវចំណាយ”។
ជាការពិតណាស់នៅពេលមនុស្សម្នាក់ចំណាយលុយទៅទិញរបស់អ្វីគេតែងតែរំពឹងថារបស់ដែលគេបានទិញមកនេះគឺមានគុណភាពល្អសមនិងបំណងដែលគេបានគិត ។ ប៉ុន្តែបើសិនផលិតផលនោះយកទៅប្រើប្រាស់មិនបានប៉ុន្មានផងក៏ខូចគុណភាព និងមានបញ្ហាផ្សេងៗធ្វើអោយគេប្រើប្រាស់មិនកើតនោះក្រុមហ៊ុន ឬអាជីវកម្មរបស់អ្នកនិងមានបញ្ហាជាក់ជាមិនខាន ។ លោក Herbert Hainer បានលើកឡើងដែរថា Adidas បានផលិតឡើងជាពិសេសដោយយកចិត្តទុកដាក់លើគុណភាពជាចំបង ហើយគ្រប់ផលិតផលដែល Adidas ផលិតចេញគឺសំរិតសំរាំងបំផុត ។ Adidas យកចិត្តទុកដាក់បំផុតទៅលើផលិតផលរបស់ខ្លួន ហើយអ្វីដែលជាគោលការណ៍របស់ក្រុមហ៊ុននេះគឺ គុណភាពគឺស្មើ ឬអាចលើសទៅនិងតម្លៃដែលអតិថិជនបានចំណាយក្នុងការទិញ ។
ដោយសារតែមូលហេតុនេះហើយទើបក្រុមហ៊ុន Adidas អាចមានវត្តមាននៅលើទីផ្សារ និងទទួលបានប្រាក់ចំណូលរាប់លានដុល្លាពីការលក់ផលិតផលរបស់ខ្លួន ។ ភាពទាក់ទាញមួយទៀតនៅពេលដែលអតិថិជន ប្រើប្រាស់ផលិតផលនេះគឺពួកគេមានទំនុកចិត្ត ទៅលើផលិតផលនេះទាំងស្រុងដោយគ្មានការសង្ស័យអ្វីឡើយ ។ មូលហេតុនេះក៏ដោយសារតែក្រុមហ៊ុន Adidas បានកសាងកេរ្តិ៍ឈ្មោះជាច្រើនឆ្នាំកន្លងមក ដោយផ្តោតទៅលើគុណភាពជាចំបង ។ ដូច្នេះហើយបើសិនជាអ្នកចង់អោយផលិតផលរបស់អ្នកមានការគាំទ្ររនោះអ្នកត្រូវតែច្បាស់ថាផលិតផលរបស់អ្នកមានគុណភាពស្មើនិងតម្លៃដែលអតិថិជនបានចំណាយហើយឬនៅ ។
Comments
Post a Comment